អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ(CWCC) គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ មិនរកប្រាក់ចំណេញ ចាប់ផ្តើមប្រតិបត្តិការតាំងពីឆ្នាំ១៩៩៧ ហើយនៅតែបន្តពង្រីកសេវាកម្មរបស់ខ្លួនដើម្បីជួយស្រ្តី និងកុមារដែលជាជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានផ្លូវភេទ និងអំពើជួញដូរមនុស្ស។ បេសកកម្មរបស់អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិគឺ ពង្រឹងសិទ្ធិអំណាចដល់ស្រ្តីនិងកុមារីឱ្យទាមទារសិទ្ធិជាសកលរបស់ខ្លួន ដើម្បីទទួលបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងអាចចូលរួមដោយស្មើភាពគ្នាក្នុងការងារសហគមន៍ សង្គមស៊ីវិល ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងចូលរួមក្នុងសកម្មភាពនយោបាយ សង្គម និងវប្បធម៌ តាមរយៈផែនការយុទ្ធសាស្រ្តនៃកម្មវិធីការទប់ស្កាត់ ការការពារ ការតស៊ូមតិ និងការអភិវឌ្ឍន៍អង្គការ។