គ្រូបង្រៀន
- ប្រភេទការងារ: ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
គម្រោង៖ អប់រំក្រៅប្រព័ន្ធ (Non-Formal Education)
ប្រភេទកិច្ចសន្យា៖ មានការកំណត់ (Fixed Duration Contract)
អ្នកគ្រប់គ្រងផ្ទាល់៖ អ្នកសម្របសម្រួលគម្រោង (Project Coordinator)
អ្នកសហការ៖ គ្រូបង្រៀនទាំងអស់នៃគម្រោងអប់រំក្រៅប្រព័ន្ធ និងបុគ្គលិកអង្គការតំណក់ទឹកទាំងអស់
ទីតាំងការិយាល័យធ្វើការ៖ សាខាប៉ោយប៉ែត
គោលបំណងនៃមុខតំណែង
គោលបំណងសំខាន់នៃមុខតំណែង (គ្រូបង្រៀន) នេះ គឺបំពេញភារកិច្ចស្របតាមកិច្ចសន្យាការងារ និងគោលនយោបាយរបស់អង្គការតំណក់ទឹក ដើម្បីចូលរួមគាំទ្រកុមារដែលងាយរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេឱ្យទទួលបានការអប់រំ ការថែទាំ និងការអភិវឌ្ឍប្រកបដោយសុវត្ថិភាព និងគុណភាព។ ក្នុងនាមជា គ្រូបង្រៀន អ្នកមានតួនាទីសំខាន់ក្នុងការផ្តល់ចំណេះដឹង បណ្តុះឥរិយាបថវិជ្ជមាន ផ្តល់ដំបូន្មាន និងអភិវឌ្ឍជំនាញជីវិតដល់កុមារ ដើម្បីជំរុញឱ្យពួកគេចូលរួមក្នុងការសិក្សា និងអភិវឌ្ឍខ្លួនបានពេលញលេញ។ គ្រូបង្រៀន ត្រូវបង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាព កក់ក្តៅ មិត្តភាព និងគាំទ្រដល់កុមារដោយលើកទឹកចិត្តឱ្យសិស្សមានទំនុកចិត្តលើខ្លួនឯង មានវិន័យ និងគោរពតម្លៃរបស់គម្រោង។ លើសពីនេះ គ្រូបង្រៀន ត្រូវធានាថាសកម្មភាពសិក្សាក្នុងថ្នាក់ និងសកម្មភាពក្រៅម៉ោងសិក្សាត្រូវបានរៀបចំ និងអនុវត្តយ៉ាងមានប្រសិទ្ធភាព ដើម្បីសម្រេចបានលទ្ធផលល្អបំផុតសម្រាប់សិស្សទាំងអស់។
គ្រូបង្រៀនទាំងអស់របស់អង្គការតំណក់ទឹក ត្រូវអនុវត្តតាមគោលនយោបាយការពារកុមាររបស់អង្គការយ៉ាងម៉ឺងម៉ាត់ ដោយគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់កុមារគ្រប់រូប។ គ្រូបង្រៀនមិនត្រូវប្រើអំពើហិង្សា ការប្រមាថឬពាក្យសម្តីមិនសមរម្យចំពោះកុមារឡើយ ហើយត្រូវរាយការណ៍ភ្លាមៗ អំពីករណីសង្ស័យពាក់ព័ន្ធនឹង
ការរំលោភបំពាន ការមិនអើពើ ឬហានិភ័យផ្សេងៗដែលអាចប៉ះពាល់ដល់សុខុមាលភាពរបស់កុមារ។
ជាមួយគ្នានេះ គ្រូបង្រៀនត្រូវរក្សាការសម្ងាត់អំពីព័ត៌មានរបស់កុមារ និងគ្រួសារ ព្រមទាំងចូលរួមលើកកម្ពស់សិទ្ធិ ការការពារ និងសុខុមាលភាពរបស់កុមារនៅគ្រប់សកម្មភាពរបស់អង្គការ។
រយៈពេលសាកល្បងការងារ
- បុគ្គលិកថ្មីត្រូវបំពេញរយៈពេលសាកល្បងការងារចំនួន ៣ ខែ
- ការវាយតម្លៃការងារនឹងកំណត់ការបន្តកិច្ចសន្យាការងារ
កាលវិភាគការងារ៖
គ្រូបង្រៀននឹងត្រូវធ្វើការចាប់ពីម៉ោង ៧:០០–១១:០០ព្រឹក និងម៉ោង ១:០០–៥:០០ល្ងាច រៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃ សុក្រ។
កំណត់សម្គាល់បន្ថែម៖ អង្គការតំណក់ទឹក រក្សាសិទ្ធិក្នុងការកែប្រែបទបរិយាយការងារ រួមទាំងភារកិច្ច ឬកាលវិភាគការងារ តាមតម្រូវការរបស់គម្រោង និងអង្គការ។
- ការបង្រៀន និងការរៀនសូត្រ
- រៀបចំផែនការមេរៀនប្រចាំថ្ងៃ និងប្រចាំខែ
- បង្រៀនមុខវិជ្ជាសំខាន់ៗសម្រាប់ថ្នាក់ទី១-៦
- ប្រើវិធីសាស្ត្របង្រៀនដែលផ្តោតលើការចូលរួមរបស់កុមារ
- ធ្វើការរំលឹក និងពិនិត្យមេរៀនជាប្រចាំ
- លើកទឹកចិត្តសិស្សឱ្យចូលរួមយ៉ាងសកម្ម
- គាំទ្រជំនាញអាន សរសេរ គណនា ជំនាញជីវិត និងអនាម័យ
- កែសម្រួលមេរៀនឱ្យសមស្របតាមសមត្ថភាពសិស្ស
- កត់ត្រាលទ្ធផលសិក្សារបស់សិស្ស
- រៀបចំសកម្មភាពក្នុងថ្នាក់ដែលជួយអភិវឌ្ឍការងារជាក្រុម និងវិន័យ
- បញ្ចូលការយល់ដឹងអំពីការការពារកុមារ និងសុខុមាលភាពផ្លូវចិត្តក្នុងការបង្រៀន
- ការគ្រប់គ្រងថ្នាក់រៀន
- រក្សាវិន័យថ្នាក់រៀនដោយប្រើវិធីសាស្ត្រវិជ្ជមាន និងគ្មានអំពើហិង្សា
- បង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាព និងគោរពគ្នា
- ដោះស្រាយជម្លោះរវាងកុមារដោយសន្តិវិធី
- រក្សាអនាម័យ និងសណ្តាប់ធ្នាប់ក្នុងថ្នាក់
- ត្រួតពិនិត្យសិស្សពេលផ្លាស់ប្តូរសកម្មភាព និងពេលសម្រាក
- លើកទឹកចិត្តសិស្សឱ្យទទួលខុសត្រូវលើបរិស្ថានសិក្សា
- ការគាំទ្រសិស្ស និងសុខុមាលភាពកុមារ
- ត្រួតពិនិត្យវត្តមានសិស្សប្រចាំថ្ងៃ
- តាមដានសិស្សដែលអវត្តមានចាប់ពី ៣ ថ្ងៃឡើងទៅ
- សង្កេតសុខភាពផ្លូវកាយ ផ្លូវចិត្ត និងឥរិយាបថរបស់កុមារ
- រាយការណ៍ករណីពាក់ព័ន្ធនឹងការការពារកុមារទៅកាន់អ្នកគ្រប់គ្រង ឬអ្នកសម្របសម្រួលគម្រោង
- លើកទឹកចិត្តទំនាក់ទំនងល្អរវាងមិត្តភក្តិរបស់កុមារ
- គាំទ្រកុមារងាយគ្រោះដោយភាពអត់ធ្មត់ និងយល់ចិត្ត
- ការវាយតម្លៃ និងរបាយការណ៍
- រៀបចំការប្រឡង និងវាយតម្លៃជាប្រចាំខែ ប្រចាំត្រីមាស ពាក់កណ្តាលឆ្នាំ និងប្រចាំឆ្នាំ
- វាយតម្លៃការរីកចម្រើនរបស់សិស្ស និងកំណត់ចំណុចខ្វះខាត
- រៀបចំរបាយការណ៍គុណភាពប្រចាំខែ
- កត់ត្រាសកម្មភាព ការចូលរួម និងលទ្ធផលគម្រោង
- ដាក់ស្នើរបាយការណ៍ និងសម្ភារៈបង្រៀនតាមពេលវេលា
- ការចូលរួមជាក្រុម និងការអភិវឌ្ឍវិជ្ជាជីវៈ
- ចូលរួមកិច្ចប្រជុំគ្រូបង្រៀន និងបុគ្គលិកជាប្រចាំ
- ចូលរួមផ្តល់យោបល់ និងពិភាក្សាយ៉ាងសកម្ម
- ចូលរួមវគ្គបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាព
- បង្ហាញឆន្ទៈក្នុងការអភិវឌ្ឍការងារជាបន្តបន្ទាប់
- ជួយគាំទ្រមិត្តរួមការងារ និងជំនួសគ្រូបង្រៀនផ្សេងទៀតពេលអវត្តមាន
- សកម្មភាពក្រៅម៉ោង និងភារកិច្ចគម្រោង
- រៀបចំសកម្មភាពកម្សាន្ត និងអភិវឌ្ឍជំនាញ
- ដឹកនាំសមាធិ ឬសកម្មភាពជំនាញជីវិត
- ត្រួតពិនិត្យការបរិភោគអាហារ និងអនាម័យរបស់កុមារ
- ចូលរួមសកម្មភាពសហគមន៍ និងគម្រោង
- ជួយគ្រប់គ្រងសកម្មភាពសម្អាតបរិស្ថាន
- មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិទ្យាល័យ
- ត្រូវមានយ៉ាងហោចណាស់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមានវិញ្ញាបនបត្របណ្តុះបណ្តាលគ្រូ ឬការអប់រំកម្រិតខ្ពស់ គឺជាអាទិភាព។
- មានបទពិសោធន៍ធ្វើការជាមួយកុមារងាយរងគ្រោះ ឬកម្មវិធីអប់រំក្រៅប្រព័ន្ធ គឺជាការបន្ថែមតម្លៃ
- មានជំនាញមូលដ្ឋានក្នុងការបង្រៀន និងគ្រប់គ្រងថ្នាក់រៀន
- អាចកែសម្រួលវិធីសាស្ត្របង្រៀនឱ្យសមស្របតាមកម្រិតសិក្សា និងតម្រូវការរបស់កុមារ ព្រមទាំងអាចជួយសិស្សដែលរៀនយឺត និងលើកទឹកចិត្តឱ្យកុមារចូលរួមក្នុងការសិក្សាយ៉ាងសកម្ម។
- មានសមត្ថភាពរៀបចំមេរៀនដែលមានភាពទាក់ទាញ និងជំរុញការចូលរួមពីសិស្ស
- មានជំនាញទំនាក់ទំនងទាំងនិយាយ និងសរសេរ អាចធ្វើការជាមួយមិត្តរួមការងារ និងអ្នកគ្រប់គ្រងបានល្អ។
- បើកចិត្តទទួលយកមតិយោបល់ និងមានឆន្ទៈក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនជាបន្តបន្ទាប់
- មានវិន័យ ការទទួលខុសត្រូវ និងមានអាកប្បកិរិយាវិជ្ជាជីវៈ ព្រមទាំងរក្សាព្រំដែនសមស្របជាមួយកុមារ។
- គោរព និងមិនរើសអើងកុមារទាំងអស់ មានភាពអត់ធ្មត់ មេត្តា ករុណា និងយល់ចិត្តកុមារ
- មានភាពបត់បែន អាចដោះស្រាយបញ្ហាបានល្អ និងមានការប្តេជ្ញាចិត្តខ្ពស់ចំពោះការការពារ និងសុវត្ថិភាពរបស់កុមារគ្រប់រូប។