សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ(ស.ស.ក.ព.ជ) គឺជាសហភាពសហគមន៍កសិកម្មទី ១ ដែលបានបង្កើតឡើងមុនគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ២០១៦ និងទស្សនវិស័យរបស់ខ្លួនគឺ “កសិករនៅខេត្តព្រះវិហារមានជីវភាពធូរធារ រស់នៅប្រកបដោយភាពរុងរឿង និងសេចក្តីថ្លៃថ្នូរ” ។ សហភាពសហគមន៍កសិកម្មនេះ គឺបានចុះបញ្ជី និងទទួលស្គាល់ជាផ្លូវការ ដោយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ៖ ០០១ អ.ន.ក/ស.ស.ក/ខ ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៦ ដែលមានទីស្នាក់ការបណ្តោះអាសន្នក្នុង ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ បាន និងកំពុងជួយគាំទ្រដល់សមាជិករបស់ខ្លួនចំនួន ២៥ សហគមន៍កសិកម្ម (ដែលមានសមាជិកផលិតករជាង ៥,០០០ គ្រួសារ) ទៅលើការសម្របសម្រួលការផលិត និងការលក់ស្រូវសរីរាង្គទៅឲ្យក្រុមហ៊ុនកែច្នៃ និងនាំចេញសម្រាប់លក់នៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក តាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា, ការគ្រប់គ្រប់ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង, ការសម្របសម្រួលក្នុងការទទួលបានវិញ្ញាបនប័ត្រស្រូវសរីរាង្គ និងវិញ្ញាបនប័ត្រពាណិជ្ជកម្មប្រកបដោយសមធម៌, និងការស្វែងរក និងសម្របសម្រួលទីផ្សារកសិផលសរីរាង្គផ្សេងទៀតរបស់សមាជិក រួមមាន អង្ករ ដំឡូងមី ស្វាយចន្ទី សណ្តែកដី ជាដើម ។ តំបន់គោលដៅរបស់សហភាព គឺគ្រប់ដណ្តប់ក្នុងស្រុកទាំង ៧ របស់ខេត្តព្រះវិហារ រួមមាន ស្រុកជ័យសែន ស្រុកឆែប ស្រុករវៀង ស្រុកសង្គមថ្មី ស្រុកត្បែងមានជ័យ ស្រុកគូលែន និងស្រុកជាំក្សាន្ដ ។
សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យត្រូវការជ្រើសរើសបុគ្គលិក ធ្វើការពេញម៉ោងចំនួន០២ (ពីរ) រូប សម្រាប់មុខតំណែង មន្ត្រីទទួលបន្ទុកផ្នែកជំរុញផលិតកម្ម ០១រូប ដែលមានមូលដ្ឋានប្រចាំនៅទីរួមខេត្តព្រះវិហារ និងសម្រាប់មុខតំណែង មន្ត្រីមូលដ្ឋាន ១រូប ដែលមានមូលដ្ឋានប្រចាំនៅក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ។ មុខតំណែងខាងលើនេះនឹងត្រូវ ចាប់ផ្តើមបំរើការងារនៅក្នុង ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ បេក្ខជនដែលចាប់អារម្មណ៍អាចជាបេក្ខជនដែលមានទីលំនៅអចិន្ត្រៃក្នុងខេត្តព្រះវិហារតែម្តង។
ចំពោះបេក្ខជនដែលចាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបរបស់ខ្លួន ដោយភ្ជាប់នូវលិខិតបញ្ជាក់ពីចំណាប់អារម្មណ៍មកសហភាពសហគមន៍កសិកម្មខេត្តព្រះវិហារ តាមរយៈអាសយដ្ឋានឬ ផ្ញើតាមអ៊ីម៉ែល ដែលបានផ្ដល់ជូននៅក្នុងព័ត៌មានលម្អិត។
បេក្ខជនដែលមានទីលំនៅអចិន្ត្រៃក្នុងខេត្តព្រះវិហារ និងតំបន់ (ស្រុកជ័យសែន) ត្រូវបានលើកទឹកចិត្តជាពិសេសឱ្យដាក់ពាក្យស្នើសុំបម្រើការងារនេះ។
កាលបរិច្ឆេទនៃការឈប់ទទួលពាក្យស្នើសុំបម្រើការងារគឺ ត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅម៉ោង ៥:00 នាទីល្ងាច។
បេក្ខជនជាប់ឈ្មោះសម្ភាសន៍នឹងត្រូវបានទាក់ទងតាមទូរស័ព្ទ។ ឯកសារដាក់ពាក្យសុំធ្វើការមិនត្រូវបានផ្តល់ជូនវិញឡើយ៕