សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា (CIPA) គឺជាសម្ព័ន្ធនៃអង្គការជនជាតិដើមភាគតិច បណ្តាញតាមភាសា /ជនជាតិ បណ្តាញសហគមន៍ និងសហគមន៍បុគ្គលជនជាតិដើមភាគតិច ដែលមានគោលបំណងពង្រឹងសាមគ្គីភាពនិងរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងចំណោមជនជាតិដើមភាគតិចនៅកម្ពុជា។ សម្ព័ន្ធជនជាតិដើមបានចាប់ផ្តើមឡើងដោយអង្គការជនជាតិដើមមករួមគ្នានៅដើមឆ្នាំ ២០១១ ហើយមហាសន្និបាតលើកដំបូងត្រូវបានធ្វើឡើងនៅខែធ្នូ ឆ្នាំ ២០១៥នៅយក្ខឡោម ខេត្តរតនៈគីរី។
ព្រះរាជាណាចក្រកម្ពុជាមានចំនួនប្រមាណ១៤.៦៧៦.៥៨១នាក់ក្នុងនោះមានជនជាតិដើមភាគតិចចំនួន ១៨៣.៨៣១នាក់ ស្មើនឹង១.២៥% ហើយក្នុងចំណោមចំនួនប្រជាពលរដ្ឋជាជនជាតិដើមភាគតិចមានស្រ្ដីជនជាតិដើមភាគតិច ប្រមាណជា ៥១.១% ដោយមាន ២០ខេត្ត/ក្រុង និង ២២អំបូរ។ ជនជាតិដើមភាគតិចនៅកម្ពុជាមានប្រពៃណី ទំនៀមទម្លាប់ របៀបរស់នៅ ពឹងអាស្រ័យផលលើដីធ្លី និងធនធានធម្មជាតិ និងមានជំនឿប្រតិបត្តិលើការសែនព្រេន និងគោរពទៅលើទឹកដី ព្រៃឈើ ភ្នំ បឹងបួរ អូរ ជ្រោះ ថ្ម តាំងពីដូនតារាប់ជំនាន់មកហើយ។តាមទីតាំងភូមិសាស្រ្តនិមួយៗនិងរបៀបនៃការរស់នៅការដឹកនាំត្រូវបានស្គាល់យ៉ាងច្បាស់ដោយក្រុមចាស់ទុំនៅក្នុងភូមិតាមរយៈការចែករំលែកពីមួយជំនាន់ទៅមួយជំនាន់តាំងពីយូរយារណាស់មកហើយ។
រដ្ឋាភិបាលនៃប្រទេសកម្ពុជាបានង្កើតច្បាប់ និងគោលនយោបាយជាតិជាច្រើន និងបានផ្តល់សច្ចាប័នលិខិតុបករណ៍អន្តរជាតិជាច្រើន ដើម្បីការពារ និងលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិចលើវិស័យសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងសិទ្ធិពលរដ្ឋ និងនយោបាយ។ ទោះជាយ៉ាងនេះក្ដី មានច្បាប់ និងគោលនយោបាយជាតិមួយចំនួនមិនបានឆ្លើយតប និងដោះស្រាយបញ្ហាជាក់ស្ដែងរបស់ជនជាតិដើមភាគតិចនៅឡើយទេប៉ុន្តែបែជាបង្ករផលប៉ះពាល់អវិជ្ជមានដល់ជនជាតិដើមភាគតិចទៅវិញ។ជាក់ស្តែងកន្លងមកមានការអនុវត្តន៍ច្បាប់ព្រៃឈើនិងច្បាប់ស្តីពីតំបន់ការពារធម្មជាតិនៅក្នុងតំបន់ជនជាតិដើមភាគតិចដែលផ្តល់ផលទាំងវិជ្ជមាន និងអវិជ្ជមានជាច្រើនក៏ប៉ុន្តែមិនសូវមានការសិក្សាស៊ីជម្រៅលើករណីជាក់លាក់នៅឡើយទេកន្លងមក ជាពិសេសព្រះរាជក្រមប្រកាសឱ្យប្រើក្រមបរិស្ថាននិងធនធានធម្មជាតិឆ្នាំ២០២៣ថ្មីៗនេះដែលបង្ហាញពីមិនមានសង្គតិភាពជាមួយក្រមខណ្ឌច្បាប់ផ្សេងៗទៀត ដូច្នេះហើយទើបនៅតែមានការខ្វះខាតព័ត៌មានពីមូលដ្ឋានសម្រាប់ជាភស្តុតាងនៃការស្នើសុំកែប្រែចំនុចទាំងនោះនៅក្នុងច្បាប់ទាំងពីរនិងក្រមបរិស្ថាននិងធនធានធម្មជាតិ។
( សម្រាប់ព័ត៌មានបន្ថែមសូមពិនិត្យមើលឯកសារខាងក្រោម)
គោលបំណង
ដើម្បីចងក្រងករណីសិក្សាអំពីផលប៉ះពាល់នៃការអនុវត្តន៍ច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិទៅលើសហគមន៍ជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា។
លទ្ធផលរំពឹង
ករណីសិក្សាអំពីផលប៉ះពាល់ជាក់លាក់នៃការអនុវត្តន៍ច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិទៅលើសហគមន៍ជនជាតិដើមភាគតិចនៅប្រទេសកម្ពុជានឹងត្រូវបានរកឃើញ។
វិសាលភាព និងដែនកំណត់
ដោយសារស្ថានភាពេលវេលា និងធនធានថវិកាមានកំរិត នោះករណីសិក្សានេះនឹងផ្តោតតែទៅលើផលប៉ះពាល់ជាអវិជ្ជមានចេញពីការអនុវត្តន៍ច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិនៅក្នុងតំបន់ជនជាតិដើមភាគតិច ដើម្បីអាចយកមកជាភស្តុតាងជាក់លាក់សម្រាប់ការកែលំអរច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិនៅពេលខាងមុខ ដើម្បីធានានូវការការពារ លើកកំពស់ និងផ្តល់ផលប្រយោជន៍ដល់ជនជាតិដើមភាគតិចនៅកម្ពុជាពីការអនុវត្តន៍ច្បាប់នេះ។ ការសិក្សានេះនឹងធ្វើនៅក្នុងខេត្តចំនួន ៧ ខេត្ត និងសហគមន៍សរុប ១៩ សហគមន៍។
តួនាទី និងការទទួលខុសត្រូវរបស់ទីប្រឹក្សាឯករាជ្យ
ទីប្រឹក្សាឯករាជ្យត្រូវរៀបចំរបាយការណ៍លទ្ធផលនៃសិក្សាស្រាវជ្រាវដែលមានបញ្ជាក់អំពីវិធីសាស្ត្រ និងសេចក្តីណែនាំអំពីការសម្ភាសន៍ និងលទ្ធផលសំខាន់ៗ។ វិធីសាស្ត្រនៃការសិក្សាស្រាវជ្រាវនេះត្រូវធានាឱ្យមានការចូលរួមពេញលេញ និងមានប្រសិទ្ធភាពពីសហគមន៍ជនជាតិដើមភាគតិច។
ទីប្រឹក្សាឯករាជ្យដែលចាប់អារម្មណ៍ ត្រូវដាក់ពាក្យមកសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជាយ៉ាងយូរត្រឹមថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៣ ដោយភ្ជាប់មកជាមួយនូវ ១) គម្រោងសំណើរ រួមទាំងបញ្ជាក់តម្លៃសេវាកម្ម ២) ចំណាប់អារម្មណ៍ និង ប្រវត្តិរូបសង្ខេបរបស់ក្រុម ឬបុគ្គល ទៅកាន់ អាសយដ្ឋាន អ៊ីម៉ែលដែលបានបញ្ជាក់ជូននៅក្នុងព័ត៌មានទំនាក់ទំនង ឬផ្ញើទៅការិយាល័យសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា។